ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
អ្នកទោសម្នាក់បានស្លាប់នៅក្នុងរថយន្ត ខណៈដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមង្គលបូរី សង្ស័យដោយការប្រើអំពើហឹង្សា ក្នុងពន្ធនាគារ...រឿងដីធ្លី...
Tue,07 January 2020 (Time 09:56 AM)
ដោយ ៖ លោក រ៉មសា វ័ន្ត (ចំនួនអ្នកអាន: 379នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយយោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ក៏ដូចតាមបណ្តាញសង្គមហ្វេសប៊ុក បានចុះផ្សាយថា៖ ស្លាប់ម្នាក់ទៀតហើយករណីរឿងដីធ្លី ក្នុងខេត្តបន្ទាយមានជ័យ មានអ្នកទោសម្នាក់ បានស្លាប់នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងករណីរឿងជំលោះដីធ្លី ដែលក្រោយពីអាជ្ញាធរខេត្ត ចុះបង្ក្រាបក្រុមបាតុករ ដែលមកតវ៉ាសុំទាមទារ រកយុត្តិធម៌ នៅខាងមុខសាលាខេត្តខាងលើ នោះ ក្រោយមកក៏មានកម្លាំងសមត្ថកិច្ច អាវុធហត្ថខេត្ត បានធ្វើការចាប់មេក្លោងចំនួន០៥នាក់យកទៅដាក់ក្នុងពន្ធនាគារ ។

បើតាមប្រភពខ្សឹបខ្សៀវគ្នាបានឲ្យដឹងថា៖ ត្រឹមតែរយៈពេល០៦ថ្ងៃប៉ុណ្ណោះ គឺគិតចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ រហូតមកដល់ថ្ងៃទី១មករា ឆ្នាំ២០២០ ស្រាប់តែ លេចដំណឹងថា មានជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតទៅហើយ។ គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១០និង១៥នាទី ព្រឹកថ្ងៃទី១ ខែឆ្នាំខាងលើនេះ គេបានសម្គាល់ឃើញមានមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ បានដឹកជនរងគ្រោះ ដែលជាអ្នកទោស ចេញពីពន្ធនាគារ ដើម្បីទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ប៉ុន្តែសំណាងអាក្រក់ជនរងគ្រោះ បានបាត់បង់ជីវិតទៅហើយ ក្នុងពេលកំពុងតែធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ។

ប្រភពបានបន្តថា កាលពីថ្ងៃទី ២៦ កន្លងទៅនេះ មានក្រុមប្រជាពលរដ្ឋ ដែលមកពីបណ្ដាភូមិ ឃុំ សង្កាត់ ក្រុង នាៗ នៅក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅចាប់ដី មួយកន្លែង ដែលគេអះអាងថាដីនោះជាដីរបស់រដ្ឋ ហើយក៏ត្រូវបានអាជ្ញាធរខេត្ត ដែលដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាល នៃ អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាប និង រុះរើផ្ទះសម្បែងរបស់ពួកគាត់ ដែលបានសង់លើដីរដ្ឋ។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា៖ ដែលអាជ្ញាធរទាំងនោះ បានអះអាងថា៖ ដីនោះគឺមានម្ចាស់ត្រឹមត្រូវតាមច្បាប់អស់ទៅហើយ ចំពោះដីដែលអាជ្ញាធរ ចុះទៅបង្ក្រាបក្រុម អនាធិបតេយ្យនោះ គឺស្ថិតនៅក្នុងតំបន់ភូមិសាលាកន្សែង ស្ថិតនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមក្រុមប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរបង្ក្រាបនោះ គឺមានចំនួន ២០០អ្នកដែលមានតំណាង របស់ពួកគាត់ ចំនួន ០៥នាក់ ហើយបានលើកគ្នាមកតវ៉ា នៅមុខសាលាខេត្ត លុះដល់ថ្ងៃទី ២៨ខែឆ្នាំដដែល ស្រាប់តែមានកម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត បានចុះទៅបង្ក្រាបក្រុមតវ៉ានោះ នៅមុខសាលាខេត្ត ដោយបានឃាត់ខ្លួនតំណាងរបស់ពួកគាត់បានចំនួន ០៥នាក់ទៀតផង។ ក្នុងនោះរួមមាន៖ ១ ឈ្មោះនៅ នឿន ភេទប្រុស អាយុ ៦២ឆ្នាំ ទី ២ ឈ្មោះ អាន រុន ភេទប្រុស អាយុ ឆ្នាំទី ៥៩ ឈ្មោះ ឃឹម ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ ឈ្មោះហ៊ីម គីរី អាយុ ៤៦ឆ្នាំ ទី៥ ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ ៣៤ឆ្នាំបាន(ស្លាប់) ក្រោយដឹកចេញពីពន្ធនាគារខេត្ត។


បើតាមការរៀបរាប់របស់ស្ត្រី ដែលត្រូវជាប្រពន្ធជនរងគ្រោះ ដែលស្លាប់នោះបានបញ្ជាក់ថា៖ ខ្លួនគាត់មានឈ្មោះប៊ុយ គឹមឡាក់ អាយុ៣៤ឆ្នាំ សព្វថ្ងៃមានកូនស្រីម្នាក់ អាយុ ១២ឆ្នាំ ដែលប្ដីរបស់គាត់ឈ្មោះ ទុយ ស្រស់ អាយុ ៣៤ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្អូនស្រីបានបន្តទៀតថា៖ ក្នុងថ្ងៃដែលគេចាប់ប្ដីរបស់គាត់ និង គូកនចំនួន៥នាក់នោះ គឺគាត់បានសុំប៉េអឹម ដើម្បីទៅជួបប្ដី របស់គាត់ នៅឯកន្លែងឃុំឃាំង ក្នុងអង្គភាពប៉េអឹមខេត្តបន្ទាយមានជ័យ តែគេមិនឱ្យចូល ទៅជួបប្ដីរបស់គាត់ឡើយ។ នាងបានបន្តឲ្យដឹងទៀតថា៖ ដើមឡើយគឺប្ដីរបស់គាត់ បានធ្វើដំណើរ ទៅតាមគេតាមឯង ដើម្បីរកដីរស់នៅ មួយកន្លែង នៅក្នុងតំបន់កាត់ហេតុខាងលើនោះ ក្រោយមកអាជ្ញាធរបង្ក្រាប នឹងដុតផ្ទះសំបែង របស់ពួកគាត់អស់តែម្ដង ទើបនាំគ្នាឡើងមកតវ៉ាសុំការ អន្តរាគមន៍ ពីចៅហ្វាយខេត្ត ដើម្បីរកខុសត្រូវ តែផ្ទុយទៅវិញ ក៏ត្រូវគេចាប់យកទៅឃុំខ្លួនតែម្ដងទៅ។

នាងបានបញ្ជាក់ទៀតថា៖ នៅព្រឹកថ្ងៃទី១ ខែឆ្នាំខាងលើ នាងបានទៅសួរសុខទុកប្តីរបស់ខ្លួន នៅឯពន្ធនាគារ ស្រាប់តែឃើញ គេសែងប្តីនាង ឡើងរថយន្ត ដើម្បីទៅសង្គ្រោះ នៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា ជប៉ុន នៅក្នុងស្រុកមង្គលបុរីទៅហើយ តែនាងក៏ធ្វើដំណើរតាមម៉ូតូ ពីក្រោយ លុះទៅដល់មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជាជប៉ុន ស្រាប់តែ លឺដំណឹងថា ប្តីបានស្លាប់ហើយ នៅក្នុងពិធីបុណ្យសពនោះ នាងបានសំណូមពរ ទៅដល់ថ្នាក់ដឹកនាំជាតិ មេត្តាជួយរកយុត្តិធម៍ដល់ក្រុមគ្រួសាររបស់នាងផង។

លោកឌក ចាន់ធីណាវុធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ប្រចាំស្រុកមង្គលបូរី បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា៖ ជនរងគ្រោះនោះ មិនបានស្លាប់នៅកន្លែងរបស់លោកទេ នៅពេលគេបញ្ជូនមកដល់ គឺអស់ខ្យល់ទៅហើយ លោកបានបន្តទៀតថា៖ ខាងតុលាការ និង សមត្ថកិច្ចបានមកធ្វើកោសល្យវិច្ច័យរួមជាមួយនឹងកម្លាំងពេទ្យ របស់លោក ដើម្បីធ្វើលិខិតមរណៈភាព ជូនទៅក្រុមគ្រួសារសពតែម្តងទៅ។ ដោយឡែកខាងអង្គភាពសារព័ត៌មានយើងបានសួរទៅលោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ តាមរយៈប្រព័ន្ធវ៉តស្អាប់ដែរ តែបើកមើលហើយគ្មានការឆ្លើយតបនោះទេ។

មហាជនដាក់ការសង្ស័យថា៖ មនុស្សនៅសុខៗ ឃាត់ខ្លួនថ្ងៃមុនសោះ មូលហេតុអ្វីបានជាស្លាប់ គ្រាន់តែរឿងដីធ្លីសោះហ្នឹង ម្តេចក៏ដាច់ធម៌មេត្តាខ្លាំងម្លេះ ផ្តាច់យកសង្ខារ បន្សល់ទុកនៅប្រពន្ធ និង កូនឲ្យនៅកំព្រា កណ្តោចកណ្តែងបែបនេះទៅវិញ តើមានយុត្តិធម៌សម្រាប់គាត់ដែលជាជនរងគ្រោះដែររឺទេ.? គួរបញ្ជាក់ផងដែរថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលោកមិនបានដេកមិនបានពួន ដើម្បីកូនៗខ្មែរ ខំស្កាត់ពីនាយដល់អាយ ដើម្បីសង្រ្គោះអាយុជីវិត កម្មករ និង កម្មការីនី ដែលរងការបាក់អាគារ០៧ជាន់ នៅខេត្តកែប ដែលលោកខំចំណាយពេលវេលាមិនខ្លាច នឿយហត់ បែរជាមន្រ្តីថ្នាក់ក្រោមលោកធ្វើបែបនេះដាក់ប្រជាពលរដ្ឋទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4250 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25023 នាក់
ខែនេះ :
123579 នាក់
3 ខែនេះ :
350817 នាក់
សរុប :
860115 នាក់